អនាគត​ទំពាំង​ស្អុយ


១. មើល​ចុះ​អស់​លោក​និង​រាស្ត្រ​ខ្មែរ ហា​ឡើង​សុទ្ធតែ​ស្នេហា​ជាតិ
ស្រឡាញ់​ជាប់​មាត់​មិន​ដែល​ឃ្លាត រឿង​ខ្លះ​គ្រោតគ្រាត​ហួស​បើ​ស្ដី។

២. ជាតិ​អាច​រឹង​មាំ​ព្រោះ​អ្នក​ចេះ ចុះ​បើ​ដូច្នេះ​រំពឹង​អី
មើល​ការ​ប្រឡង​ពេល​ថ្មី សួរ​ថា​ហេតុ​អ្វី​ប្រធាន​ធ្លាយ?

៣. តើ​អ្នក​ណា​គេ​ចេញ​ប្រធាន ហេតុ​អ្វី​កើត​មាន​រឿង​រាយមាយ
ហោះ​តាម​ហ្វេសប៊ុក​លឿន​ជាង​ព្រាយ ពី​អាយ​ដល់​នាយ​ធ្លាយ​ពេញ​ស្រុក?

៤. ប្រធាន​ចម្លើយ​ដឹង​មុន​បើក ខ្ទរខ្ទារ​កក្រើក​បែក​សំបុក
ខ្មែរ​ខ្លះ​សប្បាយ​ខ្លះ​ចាប់​ចុក ជាតិ​នឹង​ធ្លាក់​ថ្លុក​ជង់​បន្លា។

៥. ពួកគេ​ចម្លង​យ៉ាង​ស្ងៀមស្ងាត់ យក​សញ្ញាបត្រ​យ៉ាង​សង្ហា
សប្បាយ​ត្រេកអរ​រត់​ឆ្លេឆ្លា សែន​អនិច្ចា​ទំពាំង​ខ្មែរ។

៦. ទំពាំង​ទាំង​នេះ​ត្រូវ​ស្នង​ជាតិ ប៉ុន្តែ​បាត់​ធាតុ​ដែល​ពូកែ
ជាប់​សញ្ញាប្រត​ក៏​ព្រោះ​តែ ប្រ៊ុយយ៉ុង​ហូរហែ​ធ្លាក់​ដល់​ដៃ។

៧. មើល​សិស្ស​ភាគ​ច្រើន​លែង​ខ្មាសអៀន គ្មាន​ឡើយ​ប្រឹង​រៀន​ទោះ​យប់​ថ្ងៃ
គិត​តែ​ដើរ​លេង​គ្មាន​សំចៃ ខ្លះ​ដើរ​ដាច់​យ៉ៃ​ក្រៃ​កន្លង។

៨. ពួកគេ​គ្រប់​គ្នា​ដឹង​ច្បាស់​ថា វា​គ្មាន​បញ្ហា​ពេល​ប្រឡង
គេ​លក់​ប្រ៊ុយយ៉ុង​រាល់​តែ​ដង ចាំ​តែ​ចម្លង​កត់​ឱ្យ​ច្បាស់។

៩. យើង​ព្រួយ​បារម្ភ​ទៅ​ថ្ងៃ​មុខ ជាតិ​អាច​រង​ទុក្ខ​ជួប​កម្មក្រាស់
ទំពាំង​ថ្មី​ស្អុយៗ​ច្រើន​ណាស់ មុខ​តែ​អាម៉ាស់​ជាតិ​មិន​ខាន។

No comments:

Post a Comment