ស្នាម​ថើប​គ្រា​ដំបូង​

ភ្នំពេញៈ​ មនុស្ស​គ្រប់​រូប​តែងតែមាន​ក្ដី​ស្រឡាញ់​រវាង​គ្នា​និង​គ្នា​ ក្នុង​លក្ខណៈ​មិត្តភាព​ និង​សេចក្ដី​ស្នេហា​ ដែល​ផុសផុល​ចេញពី​ក្រអៅបេះដូង​។​ ដើម្បី​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ មាន​មនុស្ស​ជា​ច្រើន​បាន​ស្វែងរក​នូវ​វិធី​គ្រប់​បែប​យ៉ាង​ ដើម្បី​បង្ហាញ​ទៅ​ដល់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ឲ្យ​បានដឹង​ ប៉ុន្ដែ​អ្វី​ដែល​ទាក់ទាញ​បំផុត​នោះ​គឺ​ការ​ផ្ដល់​នូវ​ស្នាម​ថើប​ប្រកប​ទៅ​ ដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ​រក​ម៉ែត្រ​មក​វាស់​មិន​បាន​។​

Tips-for-the-perfect-kiss-5

​តាម​ការ​ស្រាវជ្រាវ​ និង​ធ្លាប់​អនុវត្ត​ផ្ទាល់​ សេចក្ដី​ស្រឡាញ់​ដែល​ផុស​ចេញពី​ក្រអៅបេះដូង​របស់​បុរស​ និង​នារី​ ក្នុង​លក្ខណៈ​ស្នេហា​ដែល​ពួក​គេ​ទើបនឹង​ចាប់ផ្ដើម​ស្វែង​យល់ចិត្ត​គ្នា​គឺ​ មាន​ភាព​ពុះកញ្ជ្រោល​ប្រៀប​ដូច​ជា​ភ្នំភ្លើង​ចាប់ផ្ដើម​ផ្ទុះ​ដូច្នេះ​ដែរ​ ហើយ​ពេលវេលា​នេះ​គឺ​ស្ថិត​ក្នុងអំឡុងពេល​ត្រឹមតែ​ ៣​ ឬ​៤​ខែ​ដំបូង​ ដោយ​ពួក​គេ​ស្ទើរតែ​បាត់​មុខ​គ្នា​មិន​បាន​។​ យ៉ាងណាមិញ​ក្នុង​ស្ថានភាព​នេះ​ បុរស​ និង​ស្ដ្រី​ បាន​ចាប់ផ្ដើម​សាង​នូវ​អនុស្សាវរីយ៍​ជាមួយ​គ្នា​រាប់​មិន​អស់​ ហើយ​អ្វី​ដែល​ពួក​គេ​ហាក់​មិន​អាច​ភ្លេច​បាន​នោះ​គឺ​ស្នាម​ថើប​គ្រា​ដំបូង​។ ​

​ស្នាម​ថើប​គ្រា​ដំបូង​ នៃ​សេចក្ដី​ស្នេហា​ បាន​បង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​ ជិត​ស្និត​ ដែល​ដៃគូ​ស្នេហា​មាន​អារម្មណ៍​ទទួល​បាន​នូវ​ភាព​កក់ក្ដៅ​ជាង​ពេល​ណា​ទាំងអស់ ​។​ តាម​ការ​ស្រមើរ​ស្រ​ម៉ៃ​ នៅ​ពេល​បុរស​ម្នាក់​បាន​យក​ច្រមុះ​របស់​ខ្លួន​ ទៅ​ថើប​ថ្នមៗ​លើ​ថ្ពាល់​របស់​នារី​ដែល​ខ្លួន​ស្រឡាញ់​ តើ​គាត់​មាន​អារម្មណ៍​បែប​ណា​?​ តើ​វា​មាន​ភាព​ផ្អែមល្ហែម​ប៉ុណ្ណា​?​ប្រសិនបើ​មិត្ត​អ្នក​អាន​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ដូច្នេះ​ តើ​លោក​អ្នកមាន​អារម្មណ៍​បែប​ណា​ដែរ​ទៅ​?​

​ចំពោះ​ខ្ញុំ​ជា​អ្នក​សរសេរ​ផ្ទាល់​ ដែល​ធ្លាប់​ឆ្លងកាត់​ការ​ថើប​ជា​លើក​ដំបូង​ជាមួយ​នារី​ដែល​ខ្ញុំ​ស្រឡាញ់​ គឺ​ខ្ញុំ​មាន​ពុះកញ្ជ្រោល​ខ្លាំង​ណាស់​ ចំណែកឯ​ចង្វាក់បេះដូង​ចាប់ផ្ដើម​លោត​ញាប់​ជាង​មុន​ ថ្វី​ត្បិត​តែ​ខ្ញុំ​មិន​ដែល​មានបទពិសោធន៍​ច្រើន​នឹង​រឿង​ស្នេហា​ ចំណែកឯ​ថ្ពាល់​របស់​នាង​វិញ​ គឺ​ទន់​ខ្លាំង​ណាស់​ប្រៀប​ដូច​ជា​សំឡី​។​ នៅ​ពេល​ដែល​ខ្ញុំ​ថើប​ថ្ពាល់​របស់​នាង​ នាង​ហាក់ដូចជា​បង្ហាញ​នូវ​កិរិយា​បែប​អៀនប្រៀន​ ក្នុង​អត្ថន័យ​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ ភាព​ផ្អែមល្ហែម​ និង​កក់ក្ដៅ​ជាទី​បំផុត​។​

​ថ្វី​ត្បិត​តែ​វា​រំលង​ទៅ​ជាង​ ៣​ឆ្នាំទៅ​ហើយ​ក្ដី​ ខ្ញុំ​នៅ​តែ​ចង​ចាំ​ស្នាម​ថើប​គ្រា​ដំបូង​របស់ខ្ញុំ​ ដែល​វា​ហាក់ដូចជា​បាន​កើតឡើង​កាលពី​ម្សិលមិញ​ដូច្នេះ​ដែរ​ ហើយ​ជួនកាល​វា​បាន​បដិសន្ធិ​ក្នុង​សុបិន​របស់ខ្ញុំ​ទៀត​ផង​។​ ស្នាម​ថើប​នេះ​គ្មាន​អ្វី​អាច​ជំនួស​បាន​ឡើយ​ ហើយ​វា​គឺជា​បទ​ពិសោធន៍​ដំបូង​បំផុត​ចំពោះ​រឿង​ស្នេហា​ដែល​ខ្ញុំ​មាន​ និង​ត្រូវ​ចង​ចាំ​រហូត​ដល់​ថ្ងៃ​អស់​ដង្ហើម​។​

ថើប

No comments:

Post a Comment