និយាយទូរស័ព្ទយ៉ាងម៉េចទើបនាងចូលចិត្ត?
ភ្នំពេញៈ ជាធម្មតា
នៅពេលដែលអ្នកមានចំណាប់អារម្មណ៍ទៅលើនារីណាម្នាក់ អ្នកប្រាកដ
ជាចង់ដឹង ចង់លឺ និងចង់នៅក្បែរនាងជាក់ជាពុំខាន
ដោយគ្រាន់អ្នកមិនទាន់ប្រាកដក្នុងចិត្តថាគេមានចំណាប់អារម្មណ៍មក
លើអ្នកវិញ ឬក៏គេមានគូរស្នេហ៍ហើយឬនៅតែប៉ុណ្ណោះ។
មានបុរសមួយចំនួនហាក់មានការភិតភ័យក្នុងការនិយាយប្រាស្រ័យ
ទាក់ទងជាមួយនឹងមនុស្សស្រីដែលខ្លួនមានចំណាប់អារម្មណ៍ចង់ធ្វើជាគូរ
សង្សារ ឬគូរអនាគត
ដោយគេបានដឹងទៀតផងថានាងនៅទំនេរមិនទាន់មាននរណាម្នាក់ដាក់
ពាក្យសុំធ្វើជាម្ចាស់បេះដូង
ហើយកត្តានេះហាក់បង្ហាញនូវការបាត់បង់ឱកាសរបស់ខ្លួន
ដែលបុរសខ្លួនឯងផ្ទាល់គួរតែពង្រឹងសមត្ថភាពក្នុងការទាក់ទង (ញ៉ែ)
និងសេចក្ដីក្លាហានក្នុងការនិយាយស្ដី
ក៏ដូចជាប្រើប្រាស់នូវពាក្យពេជន៍ពិរោះពិសារគួរជាទីទាក់ទាញ
ចិត្តនាងផងនោះ។
ប្រសិនបើអ្នកនិយាយទូរស័ព្ទជាមួយមនុស្សស្រីដែលអ្នកចាប់អារម្មណ៍
យើងត្រូវយល់ដឹងនូវតិចនិចមួយចំនួន
ដើម្បីជាស្ពានក្នុងការបង្ហាញនូវមនោសញ្ចេតនារបស់អ្នកឲ្យនាង
បានដឹង ដោយក្នុងនោះរួមមាន៖
១- ភាពក្លាហានៈ
ប្រសិនបើអ្នកនិយាយស្ដីជាមួយនាងក្នុងលក្ខណៈអឹមអៀន
មិនសូវនិយាយស្ដី ឬមិនសូវមានសំណួរសួរទៅគេទេ
នោះគេប្រាកដជាធុញនឹងអ្នកជាក់ជាពុំខាន
ព្រោះពេលវេលានិយាយទូរស័ព្ទ
គឺជាពេលដែលភាគីទាំងពីរបង្ហាញនូវអារម្មណ៍របស់ខ្លួនចំពោះការកសាង
មិត្តភាព មិនមែនជាពេលមកស្ដាប់និងឆ្លើយសំណួរច្រំដែល
ហើយមនុស្សស្រីភាគច្រើនមិនចូលចិត្តចំណាយពេលវេលានិយាយទូរស័ព្ទដែល
ប្រកបទៅដោយភាពធុញទ្រាន់
គ្មានប្រធានបទនិយាយគួរជាទីចាប់អារម្មណ៍ឡើយ។ ដូច្នេះ
អ្នកត្រូវមានសេចក្ដីក្លាហាន
និងមិនត្រូវមានភាពអៀនខ្មាស់ក្នុងការនិយាយទូរស័ព្ទជាមួយនាងជា
ដាច់ខាត ទោះបីជាវាជាលើកដំបូងសម្រាប់អ្នកក្ដី។
២-ចំណូលចិត្តៈ នៅពេលដែលអ្នកមានភាពក្លាហានគ្រប់គ្រាន់ហើយ
អ្នកត្រូវព្យាយាមស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់នារីដែលអ្នក
ចាប់អារម្មណ៍។ ហេតុអ្វី? វាគ្មានអ្វីជាអាថ៌កំបាំងទេ
ការដែលយើងត្រូវដឹងអំពីចំណង់ចំណូលចិត្តរបស់នាង
ព្រោះវាជាស្ពានមួយសម្រាប់អ្នកក្នុងការគ្រប់គ្រង
និងអូសបន្លាយពេលវេលានិយាយទូរស័ព្ទជាមួយនាង ដោយហេតុថា
នៅពេលដែលនាងនិយាយដល់ប្រធានបទដែលនាងចូលចិត្តហើយ
នាងនឹងលែងមានភាពធុញទ្រាន់ក្នុងការនិយាយទូរស័ព្ទជាមួយអ្នក
ហើយគេច្បាស់ជាសួរអ្នកវិញជាក់ជាពុំខានថាតើអ្នកចិត្តអ្វី
និងមិនចូលចិត្តអ្វី
ចំណែកឯប្រធានបទសម្រាប់និយាយរវាងអ្នកនិងគេគឺកាន់តែមានច្រើន
ហូរហែរឥតដាច់។ ម្យ៉ាងវិញទៀតវាក៏ជាឱកាសមាស
ឱកាសប្រាក់សម្រាប់អ្នកផងដែរ
ដោយអ្នកអាចប្រៀបធៀបនូវចំណង់ចំណូលចិត្តរបស់អ្នកនិងគេ
និងអាចស្ទាបស្ទង់មើលអំពីអត្តចរិតរបស់គេបានកាន់តែច្បាស់ទៀតផង។
៣-ហាមអួតៈ ក្នុងការនិយាយទូរស័ព្ទ
អ្នកមិនគួរនិយាយអួតអំពីខ្លួនឯងជ្រុលនោះទេ
ព្រោះវាអាចធ្វើឲ្យមានការប៉ះពាល់ដល់អារម្មណ៍របស់នាង
ម្យ៉ាងទៀតនោះ មនុស្សស្រីភាគច្រើនមិនចូលចិត្តអ្នកអួតឡើយ
ទោះបីជាអ្នកមានលុយ មានឡានក្ដី
ក៏ប៉ុន្ដែគេក៏ឲ្យតម្លៃចំពោះខ្លួនគេផ្ទាល់ដែរ
ហើយក៏មិនប្រាកដថាគេនឹងមានភាពពុះកញ្ជ្រោលចំពោះអ្វីដែលអ្នកបាន
ប្រាប់គេនោះឡើយ។
មាននារីជាច្រើនមកហើយដែលធ្លាប់បាននិយាយអំពីភាពមិនពេញចិត្តរបស់
ខ្លួនចំពោះការនិយាយទូរស័ព្ទជាមួយបុរសពូកែអួត
ធ្វើមើលមកមានតែឯង ដោយនាងយល់ថា
ការអួតរបស់បុរសនោះជាការមើលងាយនាងទៅវិញ។
៤-វោហាសាស្ដ្រៈ
អ្នកត្រូវចេះរៀបចំពាក្យពេជ្រន៍ក្នុងការនិយាយស្ដី
ប្រកបទៅដោយសីលធម៌ និងភាពរួសរាយ
ដោយមិនត្រូវសួរនូវសំណួរដាក់សម្ពាធទៅនាងឡើយ។ ជាងនេះទៅទៀត
អ្នកត្រូវចេះនិយាយពាក្យពេជ្រន៍បែបកំប្លែងសើចសប្បាយដើម្បីកំដរ
បរិយាកាសនិយាយទូរស័ព្ទឲ្យកាន់តែមានភាពស្និទ្ធស្នាលជាងមុនទៅទៀត។
ការនិយាយបែបកំប្លែងលេងសើចនេះទៀតសោត
គឺជាចំណុចដ៏ពិសេសមួយសម្រាប់អ្នកក្នុងការកសាងមិត្តភាពជាមួយនាង
ត្បិតនៅពេលដែលនាងមិនសប្បាយចិត្ត
អ្នកទំនងក្លាយជាមនុស្សម្នាក់ដែលនាងចង់និយាយទូរស័ព្ទជាមួយ
ហើយវាក៏ជាពេលវេលាពិសេសសម្រាប់អ្នកក្នុងការលួងលោមដល់ចិត្តនាង
ផងដែរ។
នៅមានតិចនិចមួយចំនួនទៀត
ដែលខ្ញុំនឹងត្រូវប្រាប់អ្នកបន្ដទៅទៀត
ប៉ុន្ដែខ្ញុំសុំស្លេះត្រឹមនេះសិនចុះ
ត្បិតខ្ញុំត្រូវទៅសួរបងៗដែលពូកែខាងទាក់ទងស្រីៗ
និងអនុវត្តខ្លួនឯងជាមុនសិនមុននឹងសរសេរ។
ចំពោះតិចនិចទាំងបួនខាងលើ ខ្ញុំបានអនុវត្តរួចហើយ
គឺវាពិតជាមានប្រសិទ្ធភាពប្រាកដមែន។
ប្រសិនបើលោកអ្នក
ជាពិសេសអ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការនិយាយទូរស័ព្ទជាមួយ
មនុស្សស្រីទេ អ្នកអាចធ្វើការអនុវត្តតាមរយៈការណែនាំបាន
ហើយចំពោះអ្នកដែលមានភាពជោគជ័យខ្លាំងក្នុងការទាក់ទងស្រីៗ
សូមមេត្តាជួយផ្ដល់យោបល់បន្ថែមដល់ខ្ញុំជាអ្នកសរសេរផង។
អរគុណច្រើន ជួបគ្នានៅថ្ងៃសៅរ៍ សប្ដាហ៍ក្រោយ។
No comments:
Post a Comment