ប័ណ្ណភាគហ៊ុន:​ ការ​គ្រប់គ្រង​កញ្ចប់​វិនិយោគ​មូល​ប​ត្រ​ ភាគ ២

មាន​ទ្រឹស្តី​មួយ​ចំនួន​អំពី​ការ​គ្រប់គ្រង​កញ្ចប់​វិនិយោគ​ភាគហ៊ុន​ ដោយ​អាស្រ័យ​ទៅ​តាម​ប្រភេទ​វិនិយោគិន​ដែល​បាន​លើក​ឡើង​កន្លង​មក​ (​វិនិយោគ​លើ​តម្លៃ​ វិនិយោគ​លើ​ចំណូល​ វិនិយោគ​លើ​កំណើន​ជាដើម​)​។​ នៅ​ទី​នេះ​ យើង​សូម​លើកយក​ការ​អនុវត្ត​ដ៏​ល្អ​បំផុត​មួយ​នៃ​ការ​គ្រប់គ្រង​កញ្ចប់​ វិនិយោគ​ភាគហ៊ុន​ដែល​រួម​មាន​៖

•​ ​ត្រូវ​បែងចែក​សាច់ប្រាក់​ឲ្យ​បាន​ត្រឹមត្រូវ​

•​ ​សាច់ប្រាក់​ប៉ុន្មាន​និង​ពេល​ណា​ត្រូវ​វិនិយោគ​

•​ ​ធ្វើខ្លួន​ឲ្យ​អ្នក​ក្លាយជា​អ្នក​ជ្រើសរើស​មូល​ប​ត្រ​យ៉ាង​ម៉ឺងម៉ាត់​ និង​វិនិយោគ​សាច់ប្រាក់​របស់​អ្នក​ទៅ​ក្នុង​មូល​ប​ត្រ​នោះ​

•​ ​លក់​ភាគហ៊ុន​ចេញ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​ និង​បញ្ឈប់​ការ​ខាតបង់​ភ្លាម​មុន​ពេល​ខាត​ច្រើន​។​

ការ​បែងចែក​សាច់ប្រាក់​

​ការ​វិនិយោគ​តែងតែ​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ ដូច្នេះ​ អ្នក​ត្រូវ​តែ​ពិចារណា​អំពី​កម្រិត​នៃ​ហានិភ័យ​ដែល​អាច​ទទួលយក​បាន​ និង​សាច់ប្រាក់​ប៉ុន្មាន​ដែល​អ្នកមាន​បំណង​បែងចែក​សម្រាប់​ការ​វិនិយោគ​។​ ជា​ពិសេស​ អ្នក​ត្រូវ​ពិចារណា​អំពី​ករណី​ដែល​ការ​វិនិយោគ​របស់​អ្នក​ខាតបង់​ នោះ​វា​នឹង​មិន​ប៉ះពាល់​ដល់​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទេ​។​ នេះ​គឺជា​គម្រោង​ផែនការ​ប្រុង​ប្រយ័ត្ន​ជំហាន​ដំបូង​ ដែល​អ្នក​ត្រូវ​ប្រកាន់​យក​មុន​នឹង​អ្នក​សម្រេចចិត្ត​វិនិយោគ​។​ អ្នក​ត្រូវ​បង្កើត​នូវ​អាកប្បកិរិយា​មួយ​ដែល​គិត​ថា​ប្រាក់​ចំណេញ​របស់​អ្នក ​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ ហើ​ត្រូវ​ចាត់​ទុក​ការ​វិនិយោគ​របស់​អ្នក​ដូច​គ្នា​ទៅ​ការ​វិនិយោគ​ ឬ​ការ​គ្រប់គ្រង​អាជីវកម្ម​មួយ​ដែរ​។​ ធ្វើ​ដូចនេះ​ អ្នក​នឹង​មានការ​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​ហានិភ័យ​ និង​កុំ​មាន​ជំនឿ​ចិត្ត​ជ្រុល​ហួសហេតុ​ពេក​ទេ​ ពេល​អ្នក​បង្កើត​បាន​ប្រាក់​ចំណេញ​ ។​

​ប្រ​សិន​អ្នក​គិត​ថា​ អ្នក​មិន​អាច​រ៉ាប់រង​ក្នុង​ការ​ប្រថុយប្រថាន​សាច់ប្រាក់​ដែល​អ្នកមាន​ទេ​ នោះ​ អ្នក​ត្រូវ​តែ​គិតពិចារណា​ឡើង​វិញ​អំពី​ការ​វិនិយោគ​របស់​អ្នក​ និង​ ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ មុន​នឹង​ចូល​ក្នុង​ទីផ្សារ​។​

​សាច់ប្រាក់​ប៉ុន្មាន​ និង​ពេល​ណា​ត្រូវ​វិនិយោគ​

​ចូរ​ពិចារណា​អំពី​ការ​វិនិយោគ​ក្នុង​ទីផ្សារ​ ដូច​គ្នា​ទៅ​នឹង​អ្នកទិញ​ទំនិញ​សម្រាប់​លក់​ទៅ​វិញ​អ​ញ្ចឹ​ង​ដែរ​ អ្នក​នឹង​ចូល​ចិត្ត​ទិញ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ ទោះបី​វា​មាន​ថ្លៃ​ខ្ពស់​បន្តិច​ក្តី​ ប៉ុន្តែ​ក៏​មាន​អតិថិជន​មួយ​ចំនួន​កំពុង​ស្វែងរក​ផលិតផល​ដែល​មានគុណ​ភាព​ ខ្ពស់​នេះ​ ដោយ​ហ៊ាន​ឲ្យ​ថ្លៃ​ខ្ពស់​ជាង​ថ្លៃ​ពេល​អ្នកទិញ​មក​ ហើយ​អ្នក​នឹង​លក់​វា​ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​។​ អ្នក​នឹង​មិន​ចង់​ទិញ​ទំនិញ​ដែល​មានគុណ​ភាព​អន់​និង​ថ្លៃ​ទាប​ ហើយ​ពុំ​សូវ​មាន​អតិថិជន​ចង់​ទិញ​វា​ត្រឡប់​ទៅ​វិញ​ ឬ​ទំនិញ​ដែល​តម្លៃ​របស់​វា​ធ្លាក់​ចុះ​យ៉ាង​លឿន​ពេល​លក់​ត្រឡប់​ទៅ​វិញ​។​ ដូច្នេះ​ចូរ​ប្រកាន់​យក​គោលការណ៍​នេះ​ក្នុង​ការ​វិនិយោគ​ ។​

​បច្ចេកទេស​ល្អ​នៃ​ការ​ទិញ​ភាគហ៊ុន​មួយ​ គឺ​ត្រូវ​ទិញ​នៅ​ពេល​ដែល​វា​ឈាន​ដល់​ចំណុច​មូលដ្ឋាន​សម​ស្រប​មួយ​ និង​ រំកិល​ទៅ​កាន់​ចំណុច​ខ្ពស់​ថ្មី​ ហើយ​អ្នក​មិន​គួរ​ទិញ​ភាគហ៊ុន​ដែល​អ្នក​ចង់​ទិញ​ទាំងអស់​តែ​ម្តង​នាគ្រា​ ដំបូង​ទេ​ ប៉ុន្តែ​អ្នក​គួរតែ​បំបែក​ការ​ទិញ​ជា​២​ ឬ​៣​ដង​នៃ​ភាគហ៊ុន​ដែល​ចង់​ទិញ​ ។​

​នេះ​ជា​ឧទាហរណ៍​យ៉ាង​សាមញ្ញ​មួយ​។​ ការ​សម្រេចចិត្ត​ជ្រើសរើស​ភាគហ៊ុន​របស់​អ្នក​ គឺ​ដូច​គ្នា​នឹង​ការ​ទិញ​ដី​មួយ​ដុំ​ក្នុង​ទីតាំង​កណ្តាល​ក្រុង​ដែល​អ្នក​ អាច​ជួល​ ឬ​ក៏​ប្រកប​អាជីវកម្ម​ដោយ​ខ្លួនឯង​បាន​ និង​ទិញ​ដី​មួយ​ដុំ​មាន​ទីតាំង​ នៅ​ឯ​ជាយក្រុង​ក្នុង​តម្លៃ​ដូច​គ្នា​ ប៉ុន្តែ​ទំហំ​ដី​ខុស​គ្នា​។​ ឧទាហរណ៍​ អ្នកមាន​ប្រាក់​ចំនួន​ ៥០,០០០​ ដុល្លារ​អាម៉េរិក​ក្នុង​ដៃ​។​ អ្នក​អាច​មាន​ជម្រើស​ពីរ​គឺ​ ទិញ​ក្បាលដី​ទំហំ​ ៣០០​ម៉ែត្រក្រឡា​ មាន​ទីតាំង​កណ្តាល​ក្រុង​ដែល​មាន​តម្រូវការ​ច្រើន​ ឬ​ក៏​ ទិញ​ក្បាលដី​ទំហំ​ ១០,០០០​ម៉ែត្រក្រឡា​ ឆ្ងាយ​ពី​ក្រុង​ដែល​ពុំ​សូវ​មាន​តម្រូវការ​។​ ឥឡូវនេះ​ អ្នក​អាច​ធ្វើការ​សម្រេចចិត្ត​ ថា​តើ​ត្រូវ​ទិញ​ក្បាលដី​មួយ​ណា​?

​ចំពោះ​អារម្មណ៍​ភ្លាមៗ​ គេ​គិត​ថា​ ក្បាលដី​ទំហំ​ ១០,០០០​ម៉ែត្រក្រឡា​ឆ្ងាយ​ពី​ក្រុង​ អាច​មាន​តម្លៃ​ខ្ពស់​ជាង​ក្បាលដី​ទំហំ​ ៣០០​ម៉ែត្រក្រឡា​នៅ​កណ្តាល​ក្រុង​នា​ពេល​អនាគត​ ទោះបី​ពេល​បច្ចុប្បន្ន​តម្លៃ​ក្បាលដី​ទាំង​ពីរ​នេះ​ដូច​គ្នា​ក៏​ដោយ​ ។​ បញ្ហា​នេះ​មាន​ពីរ​ចំណុច​ ត្រូវ​ពិចារណា​៖

១.​ ​ពេល​ដែល​អ្នក​ចង់​លក់​ តើ​ក្បាលដី​កណ្តាល​ទីក្រុង​ទំនង​អាច​លក់​បាន​ឆាប់រហ័ស​អាស្រ័យ​ដោយ​តម្រូវការ​ច្រើន​ឬទេ​?

២.​ ​តើ​ថ្លៃ​ក្បាលដី​កណ្តាល​ទីក្រុង​នឹង​ឡើងថ្លៃ​លឿន​ជាង​ក្បាលដី​ឆ្ងាយ​ពី​ទីក្រុង​ឬទេ​?

​ក្នុង​ការ​វិនិយោគ​លើ​ភាគហ៊ុន​ អ្នក​គួរ​ពិចារណា​ឲ្យ​បាន​ប្រាកដប្រជា​អំពី​ប្រាក់​ចំណេញ​ពេល​លក់​វា​ និង​ ងាយ​លក់​ចេញ​ឬ​អត់​។​ ទស្សនៈ​ដូច​គ្នា​ចំពោះ​ការ​ជ្រើសរើស​ភាគហ៊ុន​ ប្រ​សិន​អ្នកមាន​ ៥០,០០០​ដុល្លារ​អាម៉េរិក​ តើ​អ្នក​នឹង​ទិញ​ភាគហ៊ុន​ A​ ចំនួន​ ១,០០០​ហ៊ុន​ ដែល​មានគុណ​វិ​វ​ឌ្ឍ​ខ្ពស់​ ឬ​ក៏​ទិញ​ភាគហ៊ុន​ B​ ដែល​មាន​លក្ខណៈ​អន់​ ចំនួន​ ១០០,០០០​ ភាគហ៊ុន​?​ ជា​ទូទៅ​ វិនិយោគិន​ថ្មីថ្មោង​ គិត​ចង់​កាន់កាប់​ភាគហ៊ុន​ឲ្យ​បាន​បរិមាណ​ច្រើន​ ។​ ភាគហ៊ុន​ដែល​មានគុណ​វិ​វ​ឌ្ឍ​ខ្ពស់​ នឹង​មានឱកាស​ជា​ច្រើន​នៃ​ការ​កើនឡើង​តម្លៃ​។​

Balance

No comments:

Post a Comment