ចំណីអាហារដែលផ្តល់ប្រយោជន៍ដល់សុខភាព

ចាប់ពី
សប្តាហ៍នេះទៅ ជារៀងរាល់មួយខែម្តង
នាទីសុខភាពរបស់វិទ្យុបារាំងនឹងលើកយកមកជម្រាបជូនលោកអ្នកនាង
អំពីគុណប្រយោជន៍របស់បន្លែ ផ្លែឈើ មួយម្តងៗ
ដែលក្រុមអ្នកវិទ្យាសាស្ត្របានសិក្សាស្រាជ្រាវរកឃើញថា
អាចជួយការពារសុខភាពមនុស្សប្រឆាំងនឹងរោគាផ្សេងៗ។
ការសិក្សាចុងក្រោយ ទើបបានបញ្ជាក់ជាថ្មីទៀត
អាហារក្នុងចានរបស់យើងមានឥទ្ធិពលខ្លាំងណាស់ចំពោះសុខភាព។
ជ្រើសរើសបរិភោគអាហារ
គឺជាមធ្យោបាយការពារដ៏ប្រសើរប្រឆាំងនឹងជំងឺមហារីក
ជំងឺប្រព័ន្ធសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺវង្វេងវង្វាន់។
អាហារអាចបញ្ចៀសមិនឱ្យជួបគ្រោះ កើតជំងឺមហារីកពងស្វាស ៤០%
និងដល់ទៅ៦០%ជំងឺមហារីកសុដន់។
ដោយផ្អែកលើឯកសារស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រសុខាភិបាល
ផ្នែកចំណីអាហារ មានបន្លែផ្លែឈើចំនួន ៣០មុខ
ត្រូវបានទទួលស្គាល់ជាផ្លូវការថាមានគុណប្រយោជន៍ខ្លាំងចំពោះសុខភាព
មានជាអាទិ៍ ខ្លឹមស តែបៃតង ផ្លែឈើពណ៌ក្រហម ឬរមៀត ...
បន្ទាប់ពីបានចំណាយពេលវេលា សិក្សាស្រាវជ្រាវ អស់ជាង៣០ឆ្នាំ
ពេលនេះ ឥទ្ធិពលឬតួនាទីរបស់ចំណីអាហារចំពោះសុខភាព
ត្រូវបានទទួលស្គាល់ពីគ្រប់ស្ថាប័ន។
ការសិក្សារបស់អឺរ៉ុបមួយទៀតបានបញ្ជាក់បន្ថែមទៀតថា
ក្នុងចំណោមអនុសាសន៍១០ចំណុចរបស់មូលនិធិពិភពលោកសា្រវជ្រាវប្រឆាំង
នឹងមហារីក ចេញផ្សាយកាលពីឆ្នាំ២០០៧ មាន៦ចំណុចទាក់ទងនឹងចំណីអាហារ។
ប្រសិនបើមានរបបអាហារត្រឹមត្រូវ គ្រោះកើតជំងឺមហារីកជាទូទៅ
នឹងត្រូវកាត់បន្ថយបាន ២០% - ២៥%ចំពោះមហារីកពោះវៀនធំ
៣០%ចំពោះមហារីកតម្រងនោម
៤០%មហារីកដុំសាច់ក្រពះនិងបំពង់រំលាយអាហារ
និងបានដល់ទៅ៥០%ចំពោះមហារីកប្លោកនោមនិងក្រពះ។ ដូច្នេះ
ក្នុងការអនុវត្តន៍ជាក់ស្តែង
គេអាចការពារមិនឱ្យកើតជំងឺមហារីកមួយក្នុងចំណោមជំងឺមហារីក៥
ដោយប្រតិបត្តិខ្ជាប់ខ្ជួនរបបចំណីអាហារ បរិភោគប្រចាំថ្ងៃ។
ជាងនេះទៅទៀត ប្រសិនបើអ្នកមិនជក់បារី មិនចូលចិត្តសំដិលថ្ងៃ
និងធ្វើពលកម្ម លំហាត់ប្រាណ៣០នាទីជាប្រចាំ រាល់ថ្ងៃ
នោះគ្រោះកើតជំងឺមហារីក នឹងត្រូវកាត់បន្ថយអស់ ៧០%
និងអាចជួយការពារប្រឆាំងនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង
និងជំងឺវង្វេងវង្វាន់ទៀតផង។
និយាយអំពីរបបអាហារ មិនមែនបានន័យថាត្រូវតមនេះ ឬតមនោះ
ឬលែងហ៊ានបរិភោគនោះទេ។
អាហារមិនមែនសុទ្ធតែមានឥទ្ធិពលការពារសុខភាព ទាំងអស់ឡើយ។
បន្លែផ្លែឈើដែលផ្តល់គុណប្រយោជន៍ការពារសុខភាព
ទទួលស្គាល់ដោយវិទ្យាសាស្ត្រ មានតែប៉ុន្មានជាង២០ប្រភេទប៉ុណ្ណោះ
មានជាអាទិ៍ បន្លៃបៃតង ពពួកផ្លែឈើតូចៗ ពពួកដើមវល្លិ៍ តែបៃតង រមៀត
ដែលជារុក្ខជាតិមានអំណាចបំផុតប្រឆាំងនឹងការរាលដាលនៃមេរោគ
ពពួកក្រូច និងពពួកខ្ទឹម ខ្ទឹមស-ក្រហម ខ្ទឹមបារាំង ។ល។ និង។ល។
បន្លែផ្លែឈើទាំងនេះ មានផ្ទុកមូលេគុល
ដែលអាចបង្កើតសរីរៈប្រឆាំងនឹងការអភិវឌ្ឍន៍ដុំពក Tumeur។
ប៉ុន្តែសូមកុំយល់ច្រលំ ! រមៀតមិនអាចព្យាបាលមហារីកបានទេ
ឬក៏ពិសារម្រះទៅជាជំងឺទឹកនោមផ្អែម នោះក៏ទេដែរ !
ម្ហូបអាហារបន្លែផ្លែឈើ ដែលថាមានគុណប្រយោជន៍ចំពោះសុខភាពនេះ
គឺពិសារទៅបានទាំងឆ្អែត ទៅចិញ្ចឹមរាងកាយផង
និងបានជាការការពារផង- មិនមែនព្យាបាលទេ។ ការពារប្រសើរជាងព្យាបាល
ហើយការការពារនេះ គ្មានផ្តល់ផលបះពាល់បន្ទាប់បន្សំអ្វីសោះ
ព្រមទាំងមិនបានចំណាយអ្វីឱ្យលើលពីសេចក្តីត្រូវការប្រចាំថ្ងៃ។
សូមជម្រាបជូនថា មនុស្សគ្រប់រូប តាមការពិតទៅក្នុងមួយថ្ងៃៗ
ខ្លួនប្រាណយើងផលិតកោសិកាអាចក្លាយជាកោសិកាមហារីកបានដល់ជាង១លាន
កោសិកា ដូច្នេះប្រសិនបើយើងបរិភោគអាហារដែលមានសមត្ថភាពទប់ស្កាត់
ឬប្រឆាំងនឹងមូលេគុលមហារីក
ដុំពកនោះនឹងមិនអាចវិវឌ្ឍន៍ទៅជាជំងឺមហារីកទេ។
កម្មវិធីសុខភាពរបស់វិទ្យុធ្លាប់បានជម្រាបជូនអំពីអនុសាសន៍របស់
អង្គការសុខភាពពិភពលោក ឱ្យបរិភោគបន្លែផ្លែឈើ ៥ មុខ ក្នុងមួយថ្ងៃ។
គ្រប់បន្លែ ផ្លែឈើ នីមួយៗ
សុទ្ធតែមានគុណប្រយោជន៍ជួយរក្សាសុខភាពដូចគ្នា ក៏ប៉ុន្តែសមត្ថភាព
ជាថ្នាំ “ការពារ” មិនដូចគ្នាទេ ! ដូច្នេះ លោកអ្នកនាងត្រូវតែ បរិភោគ
ឱ្យប្លែកៗគ្នា ឱ្យទទួលច្រើនលើសពី៥ ទៅទៀត កាន់តែប្រសើរ
ព្រោះសូមបញ្ជាក់ថាអនុសាសន៍របស់អាជ្ញាធរសុខភាពនេះ
ជាការណែនាំឱ្យធ្វើអ្វីមួយក្នុងកំរិតអប្បបរិមាប៉ុណ្ណោះ។
ញ៉ាំដើម្បីរស់ ឬ រស់ដើម្បីញ៉ាំ ? មានអត្ថន័យខុសគ្នាស្រលះ !
លោកអ្នកនាងជ្រាបជាស្រេចហើយ ! ហើយពាក្យនេះ
ពិតជាមានន័យអប់រំគ្រប់គ្រាន់
មិនមែនសម្រាប់តែលើសុជីវធម៌រស់នៅក្នុងសង្គមប៉ុណ្ណោះទេ
តែក៏មានប្រយោជន៍ខ្លាំងចំពោះសុខភាព តាមបែបវេជ្ជសាស្ត្រ
និងវិទ្យាសាស្ត្រដែរ។ ទទួលទានអាហារ
ពិតណាស់គឺដើម្បីយកទៅចិញ្ចឹមសរីរាង្គកាយ ឱ្យរស់រានមានជីវិត
ឱ្យមានថាមពល ប៉ុន្តែចំណីអាហារ ក៏អាចសម្លាប់យើងបានដូចគ្នា
ប្រសិនបើចំណីអាហារនោះមិនល្អ ខ្លាញ់ជ្រុល ផ្អែមជ្រុល ប្រៃជ្រុល
ឬការទទួលទានរបស់យើងច្រើនជ្រុលហួសហេតុ ហួសសេចក្តីត្រូវការ
បូកផ្សំនឹងការគ្មានអនាម័យក្នុងជីវិត មិនធ្វើកីឡា
មិនបញ្ចេញថាមពលឱ្យមានសមភាពនឹងការហូបចុកចូលទៀត
នោះគ្រោះកើតជំងឺក៏មានច្រើន ៖ ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង
ជំងឺខ្លាញ់ក្នុងឈាម ធាត់ជ្រុល។
វាមិនចម្លែកទេ ដែលក្នុងសម័យសង្គ្រាម ក្នុងពេលក្រខ្សត់
គេនាំគ្នានិយាយអំពីជំងឺកង្វះចំណីអាហារ ហើយនៅពេលមានបានធូរធារ
មានជំងឺព្រោះបរិភោគជ្រុលនោះ។
គឺទំនងដោយមូលហេតុដូច្នេះហើយបានជាអ្នកឯកទេសខ្លះ
ណែនាំកុំឱ្យទទួលទានតាមសេចក្តីឃ្លាន ប្រសិនបើចង់មានសុខភាពល្អ។
បណ្តាជនជប៉ុន ដែលល្បីថាមានអាយុយឺនយូរជាងគេ
និងសុខភាពល្អខ្លាំងនោះ មានប្រពៃណីបរិភោគអាហារតែ ប្រមាណ៨០%
នៃភាពស្រេកឃ្លានរបស់ក្រពះប៉ុណ្ណោះ
ព្រោះចង់បញ្ចៀសពាក្យថាឆ្អែតជ្រុល។ ប៉ុន្តែសូមបញ្ជាក់ថា
នេះមិនមែនជាការបង្អត់អាហារខ្លួនឯងឡើយ !
បើនិយាយអំពីរបៀបទទួលទានអាហារត្រឹមត្រូវវិញ
សូមទទួលទានដោយយឺតៗ តាមសម្រួល
ដើម្បីឱ្យខួរក្បាលបានទទួលព័ត៌មានអំពីសកម្មភាពរបស់សរីរាង្គផង។
ព្រោះបើញ៉ាំលឿនពេក ក្រពះពេញមែន ប៉ុន្តែខួរក្បាលមិនដឹង
ទើបនាំឱ្យមានអាការៈចង់ញ៉ាំរហូត។ ចំណីអាហារពេញផ្ទៃទៅហើយ
តែមាត់នៅតែចង់ទៀត ឬពុំនោះទេ
បានតែប៉ុន្មានម៉ោងក៏ស្រាប់តែមានអារម្មណ៍ឃ្លានទៀត។
មួយថ្ងៃឡើងបួនប្រាំដង។ នេះមិនមែនមានន័យ
ត្រូវតែគោរពដាច់ខាតរបបអាហារបីពេលមួយថ្ងៃ
មិនអាចស្រស់ស្រូបអាហារសម្រន់បាននោះទេ។ ផ្ទុយទៅវិញ
គេមិនត្រូវលោតរំលងអាហារមួយពេលណាឡើយ។
បើតាមការសិក្សាថ្មីរបស់សកលវិទ្យាល័យអាមេរិកដ៏ល្បីល្បាញផ្នែក
សុខភាពសាធារណៈ ចេញផ្សាយកាលពីពីរសប្តាហ៍មុន
ការស្រស់ស្រូបអាហារពេលព្រឹក
មានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់ការពារបេះដូង។
បុរសមិនទទួលទានអាហារពេលព្រឹក បង្កើនគ្រោះកើតជំងឺបេះដូង
ឬស្លាប់ព្រោះជំងឺសរសៃឈាមបេះដូង ២៧% លើស
អ្នកបរិភោគអាហារពេលព្រឹកជាប្រចាំ។ ជាងនេះទៅទៀត
អ្នកមិនស្រស់ស្រូបអាហារពេលព្រឹក ងាយឡើងទម្ងន់
ច្រើនមានជំងឺទឹកនោមផ្អែម និងមានអត្រាខ្លាញ់ក្នុងឈាម Cholesterol
ក៏ខ្ពស់។ សូម្បីតែនៅក្នុងការធ្វើរបបអាហារដើម្បីចុះស្គម
ឬបញ្ចុះទម្ងន់ គ្រប់អ្នកឯកទេសរបបអាហារទាំងអស់
ណែនាំឱ្យបន្ថយបរិមាណអាហារពេលល្ងាច
ប៉ុន្តែដាច់ខាតត្រូវតែស្រស់ស្រូបអាហារពេលព្រឹក។ ម្យ៉ាងវិញទៀត
សម្រាប់បុរសដែលចូលចិត្តទទួលទានអាហារពេលយប់
(ក្រោយអាហារពេលល្ងាច) កាន់តែមានគ្រោះកើតជំងឺបេះដូង
ជាងអ្នកមិនបរិភោគអ្វីសោះក្រោយពេលបាយល្ងាចហើយ។
ចំពោះកុមារវិញ
គ្រោះថ្នាក់នៃការមិនបរិភោគអាហារពេលព្រឹកកាន់តែធ្ងន់ធ្ងរខ្លាំង
ទៀត។ ការសិក្សាបានបញ្ជាក់យ៉ាងច្បាស់ថា កុមារអាយុ៦ឆ្នាំ
មិនបរិភោគអាហារពេលព្រឹក មានសតិបញ្ញាកំរិតឆ្លាតវៀងវៃ ធ្លាក់ចុះ
ចាញ់កុមារធម្មតាឆ្ងាយណាស់ !!!! ចាញ់ដល់ទៅ ៤,៦ពិន្ទុ។
បន្ទាប់ពីគេងសំរាកអស់ពេញមួយយប់ ខួរក្បាលមនុស្ស
ប្រៀបដូចជាម៉ាស៊ីនមួយ ត្រូវការប្រេងចាក់បំពេញ
ដើម្បីបញ្ចេះបាន។ ដូច្នេះការស្រស់ស្រូបអាហារពេលព្រឹក
ជាការចាំបាច់សម្រាប់ចាប់ផ្តើមសកម្មភាពប្រចាំថ្ងៃ។
អាហារពេលព្រឹកជាគំរូ មានដូចជា បាយ បបរ នំប៉ាំង (គ្រាប់ធញ្ញជាតិ)
សំរាប់នាំលំនឹងអ៊ីដ្រាតដឺកាបូន ប្រូតេអ៊ីន សាច់-ត្រី-ទឹកដោះគោ
និងវីតាមីន ព្រមទាំងសារធាតុរ៉ែ ពោលគឺ ផ្លែឈើ៕
No comments:
Post a Comment