ទឹកចិត្ត​ម្ដាយ

ម្ដាយ​ភាគច្រើន​តែងតែមាន​ទឹកចិត្ត​ស្រឡាញ់​កូនៗ​របស់​ខ្លួន​ជាង​ អាយុជីវិត​ខ្លួន​ ហើយ​ពួក​គាត់​ហ៊ាន​លះបង់​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ពួក​គេ​ ទាំង​កម្លាំងកាយ​ និង​កម្លាំងចិត្ត​។​ ទ​ង្វើ​របស់​អ្នក​ម្ដាយ​បាន​ស្ដែង​ចេញ​ឡើង​តាំងពី​កូនៗ​បាន​ចាប់កំណើត​ក្នុង ​ផ្ទៃ​របស់​គាត់​ រហូត​ដល់​កើត​ចេញពី​ផ្ទៃ​ និង​បន្ដ​ធំធាត់​រហូត​ដល់​វ័យ​ធំ​ដឹងក្ដី​ ដោយ​គាត់​បាន​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ ចំណេះវិជ្ជា​ និង​អនាគត​របស់​កូនៗ​ជាដើម​។​

mothers_day31

រូបភាពបរទេស


​កាលពី​កូន​នៅ​ក្នុង​ផ្ទៃ​ ម្ដាយ​មិន​ដែល​ហ៊ាន​ធ្វើការ​អ្វី​ឡើយ​ ត្បិត​ខ្លាច​ប៉ះពាល់​ដល់​ទារក​ និង​ខិតខំ​ហូប​អាហារ​ណា​ដែល​បំប៉ន​ដល់​កូន​ ប្រកប​ទៅ​ដោយ​ទឹកចិត្ត​ស្រឡាញ់​និង​ចង់​ឃើញ​មុខ​កូន​នា​ពេល​ឆាប់ៗ​។​

​ពេល​ដែល​កូន​កើត​ចេញពី​ផ្ទៃ​ ម្ដាយ​សប្បាយ​ចិត្តខ្លាំង​ណាស់​ព្រោះ​គាត់​បានឃើញ​ថា​កូន​របស់​គាត់​មាន​ កាយសម្បទា​គ្រប់គ្រាន់​ មិន​គរ​ ថ្លង់​ ឬ​មាន​បញ្ហា​អ្វីមួយ​ ហើយ​គាត់​បាន​ខិតខំ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ សូ​ម្បី​តែ​សត្វ​ស្រមោច​ ឬ​មូស​មួយ​ក៏​ប៉ះ​កូន​មិន​បាន​។​ ហើយ​អ្វី​ដែល​កូនៗ​គ្រប់​រូប​ត្រូវ​ដឹង​នោះ​គឺ​កាលដែល​គាត់​នៅ​ក្រមុំ​ គាត់​ស្លៀកពាក់​បិទ​បាំង​រាង​កាយ​ខ្លាំង​ណាស់​ ព្រោះតែ​គាត់​មាន​ភាព​ខ្មាស​អៀន​មិន​ហ៊ាន​បញ្ចេញ​សាច់​ ប៉ុន្ដែ​នៅ​ពេល​ដែល​កូន​ស្រែកយំ​ឃ្លាន​បៅ​ អ្នក​ម្ដាយ​គាត់​សុខចិត្ត​បំបៅ​ដោះ​កូន​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ ដោយសារ​តែ​អាណិតកូន​។​

​ពេល​ដែល​កូន​ចម្រើន​វ័យ​បន្ដិច​ ម្ដាយ​គាត់​សប្បាយចិត្ត​ណាស់​ព្រោះ​គាត់​ឃើញ​កូន​របស់​គាត់​ចេះ​ដើរ​ ចេះ​និយាយ​ និង​ចេះ​ត្រងត្រាប់​នៅ​អ្វី​ដែល​គាត់​បង្រៀន​ ហើយ​ក្នុង​ដួងចិត្ត​របស់​គាត់​ប្រកប​ទៅ​ដោយ​មោទនភាព​។​

​នៅ​ពេល​ដែល​កូន​ចេះ​ទារ​រក​របស់​ញ៉ាំ​ ម្ដាយ​បាន​បេះ​អាហារ​ពី​មាត់​ពី​ក​ដើម្បី​ឲ្យ​កូន​ ទាំង​ក្រពះ​របស់​គាត់​នៅ​ឃ្លាន​នៅឡើយ​ ប៉ុន្ដែ​ចិត្ត​របស់​គាត់​បាន​ប្រាប់​ទៅ​ក្រពះ​គាត់​ថា​ កូន​គាត់​ក៏​ឃ្លាន​ដូច​គាត់​ដែរ​ ហើយគ្នា​នៅ​ក្មេង​ត្រូវការ​អាហារ​បំប៉ន​។​

​នៅ​ពេល​ដែល​កូន​គ្រប់​អាយុ​ចូល​រៀន​ ម្ដាយ​បាន​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​បញ្ជូន​កូន​ទៅ​រៀន​ ព្រោះ​គាត់​ខ្លាច​កូន​របស់​គាត់​ជា​មនុស្ស​ល្ងង់ខ្លៅ​មិន​ចេះ​ដឹង​ដូច​គេ​ ហើយ​គាត់​ចង់​ឃើញ​កូន​របស់​គាត់​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់​ និង​មានការ​ងារ​ល្អ​មួយ​សម្រាប់​ជីវិត​ បើ​ទោះបីជា​កូន​មិន​សងគុណ​គាត់​វិញ​ក៏​ដោយ​។​

​នៅ​ពេល​កូន​ចូល​ដល់​វ័យ​ជំទង់​ ម្ដាយ​ចាប់ផ្ដើម​ប្រឈម​មុខ​កាន់តែ​ខ្លាំង​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​ គ្រួសារ​ ព្រោះ​គាត់​ត្រូវ​គិត​អំពី​ចំណាយ​ទៅ​លើ​ការ​សិក្សា​ អាហារ​ សម្លៀក​បំពាក់​ និង​តម្រូវការ​មួយ​ចំនួន​ទៀត​របស់​កូនៗ​ ហើយ​គាត់​ចាប់ផ្ដើម​លែង​សូវ​គិត​អំពី​ខ្លួនឯង​ដូច​កាលដែល​គាត់​នៅ​ក្រមុំ​ ហើយ​ ដោយសារ​តែ​គាត់​គិត​ច្រើន​កន្លង​អំពី​ភាព​សុខដុម​របស់​កូន​។​

​នៅ​ពេល​ដែល​កូន​ចង់បាន​អ្វីមួយ​ ម្ដាយ​គាត់​ប្រឹងប្រែង​ស្ទើរ​គ្រប់​វិធី​ដើម្បី​បំពេញ​បំណង​របស់​កូន​ ទោះបីជា​ត្រូវ​ប្រឈម​មុខ​ជាមួយនឹង​ឪពុក​ក៏​ដោយ​ គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​តែ​កូន​របស់​គាត់​សប្បាយចិត្ត​។​

​នៅ​ពេល​ដែល​កូនៗ​មាន​បញ្ហា​ ម្ដាយ​តែងតែ​ជា​មនុស្ស​ទី​មួយ​ដែល​មក​និយាយ​លួងលោម​ និង​លើកទឹកចិត្ត​កូន​ ដើម្បី​ឲ្យ​កូន​បាន​ក្លាយទៅជា​មនុស្ស​រឹង​ម៉ាំ​ ហ៊ាន​ប្រឈម​មុខ​ចំពោះ​បញ្ហា​ទាំងនោះ​។​ ទឹកចិត្ត​របស់​អ្នក​ចំពោះ​កូន​ហាក់ដូចជា​មាន​ច្រើន​ពេក​កន្លង​ហើយ​ ហើយ​គ្មាន​អ្វី​អាច​មក​ប្រៀបផ្ទឹម​បាន​ឡើយ​។​

​ទឹកចិត្ត​ និង​ការ​លះបង់​របស់​អ្នក​ម្ដាយ​ ប្រសិនបើ​សរសេរ​ ទោះបីជា​មាន​សៀវភៅ​កម្រាស់​១០០០​សន្លឹក​ក៏​ដោយ​ ក៏​យើង​មិន​អាច​សរសេរ​គ្រាន់​ឡើយ​ ហើយ​អ្វី​ដែល​គាត់​ធ្វើ​ទាំង​អស់នោះ​គឺ​មាន​គោលដៅ​តែ​មួយ​មុខ​គត់​ ដោយ​គ្មាន​អ្វី​ក្រៅពី​ចង់​ឃើញ​កូន​របស់​គាត់​មាន​អនាគត​ល្អ​ ជា​មនុស្ស​ល្អ​ក្នុង​សង្គម​ និង​គ្រួសារ​។​

​ក្រឡេក​មក​មើល​ទឹកចិត្ត​កូន​វិញ​ម្ដង​ តើ​អ្នក​គ្រប់​គ្នា​ដែល​បាន​លះបង់​អ្វីខ្លះ​ដើម្បី​គាត់​ហើយ​ឬ​នៅ​????????​ តាម​ការ​សង្កេត​ មានកូនៗ​មួយ​ចំនួន​មិន​បាន​គិតដល់​ទឹកចិត្ត​ និង​ការ​លះបង់​របស់​ម្ដាយ​ខ្លួន​ឡើយ​។​ សូម​គិត​ឲ្យ​បាន​ច្បាស់​ចំពោះ​រឿងរ៉ាវ​ទាំងឡាយ​ណា​ដែល​អាច​បង្ក​នូវ​ផល​ ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​អ្នក​មានគុណ​របស់​អ្នក​។​ សូម​ស្រឡាញ់​ម្ដាយ​អ្នក​ អោយ​បាន​ត្រឹម​ ៧០​ភាគរយ​នៃ​ក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​អ្នក​ គឺ​វា​គ្រប់គ្រាន់​សម្រាប់​គាត់​ណាស់​ទៅ​ហើយ​ ប៉ុន្ដែ​ប្រសិនបើ​ច្រើន​ជាង​នេះ​គឺ​កាន់តែ​ល្អ​។

No comments:

Post a Comment