Facebook​ គុណសម្បត្តិ​ និង​គុណវិបត្តិ​

ភ្នំពេញៈ​ ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ក្លាយ​ជាទី​ពេញ​និយម​របស់​ ប្រជាពលរដ្ឋ​កម្ពុជា​ គ្រប់​វ័យ​ និង​ស្រទាប់វណ្ណៈ​ ដោយសារ​តែ​ប្រព័ន្ធ​នេះ​បាន​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​ព័ត៌មាន​ទាន់​ ហេតុការណ៍​ តាម​រយៈ​ការ​ផុស​ផ្សាយ​ពី​បណ្ដាជន​ទូទៅ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ ការ​តាមដាន​ព័ត៌មាន​នានា​ ការ​ធ្វើ​មុខ​ជំនួញ​អន​ឡាញ​ ក៏​ដូច​ជា​ការ​បម្រើ​នូវ​ចំណង់​ចំណូលចិត្ត​បុគ្គល​ដូច​ជា​ការ​បង្ហោះ​រូបភាព ​ វី​ដេ​អូ​ និង​អត្ថបទ​ជាដើម​។​

facebook-testing-new-timeline-format-with-single-column-of-posts-updated--8395815038

​យ៉ាងណាមិញ​ ពាក្យចាស់​លោក​តែង​ពោល​ថា​ “​អ្វីៗ​សុទ្ធតែ​មានគុណ​សម្បត្តិ​ និង​គុណវិបត្តិ​”​ ហើយ​ចំពោះ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហេ្វ​ស​ប៊ុ​ក​ក៏​បាន​ផ្ដល់​នូវ​គុណវិបត្តិ ​ចំពោះ​សង្គម​កម្ពុជា​ផង​ដែរ​។​ តាម​ការ​សង្កេត​ មាន​មនុស្ស​មួយ​ចំនួន​ជា​ពិសេស​យុវវ័យ​បាន​ចំណាយពេល​ច្រើន​ក្នុង​ការ​ ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​ ជួន​ពេល​ខ្លះ​សូ​ម្បី​ពេល​កំពុង​សិក្សា​ក៏​ពួក​គេ​បង្ហោះ​នូវ​រូបភាព​ ឬ​អត្ថបទ​នានា​ ដើម្បី​ជា​ការ​កម្សាន្ដ​សប្បាយ​ទៅ​វិញ​។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដោយ​ប្រយោល​ទៅ​លើ​ការ​អភិវឌ្ឍន៍​ វិស័យ​ធនធានមនុស្ស​ផង​ដែរ​ ព្រោះតែ​សិស្ស​មួយ​ចំនួន​នោះ​មិន​បាន​ផ្ចង់អារម្មណ៍​យកចិត្តទុកដាក់​លើ​ សិក្សា​ឡើយ​។​

​មាន​បុគ្គលិក​ស្ថាប័នរដ្ឋ​ និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​យក​ពេលវេលា​ម៉ោង​ធ្វើការ​របស់​ខ្លួន​ ទៅ​ប្រើប្រាស់​បណ្ដាញ​នេះ​ទៅ​វិញ​ ដោយ​ពួក​គេ​ហាក់​បង្ហាញ​នូវ​ទំនួល​ខុស​ត្រូវ​ទាប​ក្នុង​ការ​បំពេញ​កិច្ច​ ការងារ​របស់​ខ្លួន​ ហើយ​បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ឬ​ស្ថាប័នរដ្ឋ​នោះ​បាត់បង់​នូវ​ផលិតកម្ម​ការងារ​ និង​ចំណូល​ផង​ដែរ​។​

​គួរ​ឲ្យ​កត់សម្គាល់​មាន​យុវវ័យ​មួយ​ចំនួន​បាន​សំ​ញ៉ែង​ដល់​បណ្ដា​មិត្ត​ ដ៏​ទៃ​ទៀត​ តាម​រយៈ​ការ​បង្ហោះ​រូបភាព​ដែល​បង្ហាញ​អំពី​ភាព​ច្រឡោងខាម​របស់​ខ្លួន​ ដោយ​ក្នុង​នោះ​មាន​ដូច​ជា​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ ការ​បង្ហោះ​ម៉ូតូ​ ការ​ប្រើប្រាស់​អាវុធ​ (​ដាវ​ កាំបិត​ កាំភ្លើង​ ល​។​ល​)​ និង​សកម្មភាព​មួយ​ចំនួន​ដែល​សង្គម​ខ្មែរ​មិន​អាច​ទទួលយក​បាន​។​ ចំពោះ​ក្មេង​ស្រី​មួយ​ចំនួន​បាន​ថតរូប​ស៊ិ​ច​ស៊ី​ស្រើបស្រាល​ រួច​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​នេះ​ក្នុង​គោលដៅ​អោយ​គេ​ចុច​ចូល​ចិត្ត​ (like)​ លើ​រូបភាព​របស់​ខ្លួន​។​

​កត្តា​ខាងលើ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ជួយ​ជម្រុញ​ឲ្យ​សីលធម៌​ក្នុង​សង្គម​ ខ្មែរ​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​មួយ​កម្រិត​ទៀត​ ហើយ​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​ផង​ដែរ​ ដោយសារ​តែ​យុវវ័យ​មានឈ្មោះ​ជា​ទំពាំង​ស្នង​ឬ​ស្សី​ និង​សរសរ​ទ្រូង​ប្រទេស​ជាតិ​ បែរជា​ងប់​ង​ល់​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ដោយ​មិន​យល់​អំពី​ តម្លៃ​ផ្ទាល់ខ្លួន​ និង​សង្គម​ទៅ​វិញ​។​

​សព្វថ្ងៃ​ ហ្វេ​ស​ប៊ុ​កបាន​ក្លាយជា​លេណដ្ឋាន​ថ្មី​សម្រាប់​ជនខិលខូច​មួយ​ចំនួន​ដែល​មាន ​បំណង​អាក្រក់​ចង់​បង្កាច់​បង្ខូចឈ្មោះ​នរណា​ម្នាក់​ ដោយ​ពួក​គេ​បាន​យក​រូបថត​បុគ្គល​នោះ​ទៅ​កាត់ត​ជា​រូប​ផ្សេងៗ​ ក្នុង​គោលដៅ​បង្កាច់បង្ខូច​ដល់​កេរ្ដិ៍ឈ្មោះ​ និង​ធ្វើ​ឲ្យ​បណ្ដា​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដ៏​ទៃ​ទៀត​មានការ​យល់​ ច្រឡំ​ ឬ​ពួក​គេ​បាន​បង្កើត​គណនី​ក្លែងក្លាយ​ហើយ​ដាក់​រូប​បុគ្គល​ដែល​គេ​ស្អប់​ រួច​បង្ហោះ​នូវ​សកម្មភាព​នានា​ដែល​សង្គម​មិន​អាច​ទទួលយក​បានជា​ដើម​។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​បុគ្គល​នោះ​ខូចខាត​នូវ​កិត្តិយស​របស់​ខ្លួន​ យ៉ាងធ្ងន់ធ្ងរ​ ខណៈ​ដែល​ខ្លួន​គាត់​មិន​បានដឹង​អ្វី​ទាល់តែ​សោះ​ ហើយ​បញ្ហា​នេះ​គឺ​កំពុង​តែ​កើត​មាន​ពេញបន្ទុក​ក្នុង​មជ្ឈដ្ឋាន​ហ្វេ​ស​ប៊ុ​ក ​សព្វថ្ងៃ​។​

​ទោះបីជា​យើង​សង្កេត​ឃើញ​ថា​ ហ្វេ​ស​ប៊ុ​កបាន​បង្ករ​នូវ​គុណវិបត្តិ​ដល់​សង្គម​ខ្មែរ​យ៉ាងណា​ក្ដី​ ក៏​វា​នៅ​តែ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ដែល​បណ្ដា​អ្នក​ប្រើប្រាស់​បណ្ដាញ​ សង្គម​ភាគច្រើន​ មិន​អាច​ខ្វះ​បាន​ ព្រោះតែ​មុខ​នាទី​របស់​បណ្ដាញ​សង្គម​មួយ​បាន​បម្រើ​ដល់​ផលប្រយោជន៍​ មនុស្សជាតិ​ច្រើន​ខ្លាំង​ណាស់​ ហើយ​មិនមែន​មនុស្ស​ទាំងអស់​ប្រើប្រាស់​វា​សម្រាប់​តែ​ក្នុង​គោលដៅ​បង្ករ​ជា​ គុណវិបត្តិ​ឡើយ​។​ ប្រសិនបើ​មនុស្ស​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ក្នុង​គោលដៅ​ត្រឹមត្រូវ​ នោះ​វា​នឹង​ផ្ដល់​នូវ​ផលប្រយោជន៍​ជា​ច្រើន​ ហើយ​អ្នក​អាច​នឹង​មានឱកាស​ដ៏​ល្អ​ពិសេស​ណាមួយ​ដែល​អ្នក​ធ្លាប់​ប៉ងប្រាថ្នា​ ពី​បណ្ដាញ​សង្គម​មួយ​នេះ​ផង​ដែរ​។​ ដោយ​ សន្យា​

No comments:

Post a Comment